Translate

លោក​​អភិបាល​​រាជធានី​​​​ចុះ​ពិនិត្យ​ច្រាំង​​​ទន្លេ​​​​ជ្រោយ​ចង្វា​​ត្រើយ​​​ខាង​កើត​


លោក​​អភិបាល​​រាជធានី​​​​ចុះ​ពិនិត្យ​ច្រាំង​​​ទន្លេ​​​​ជ្រោយ​ចង្វា​​ត្រើយ​​​ខាង​កើត​
រាជធានីភ្នំពេញ ៖ លោកកែប ជុតិមា  ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន និងជាអភិបាល រាជធានី​ភ្នំពេញ រួម ជាមួយមន្ត្រីជំនាញ និងមន្ត្រី​សាលារាជធានី​ភ្នំពេញជាច្រើននាក់ទៀតបានអញ្ជើញ​ទៅពិនិត្យ​​មើលសំណង់ច្រាំងទន្លេ​ជ្រោយចង្វា​ដែល​កំពុង​ស្ថាបនាយ៉ាងមមាញឹកដោយក្រុម​ហ៊ុនសុខា​អូតែល ​ក្រោយពីបានបើកការ​ដ្ឋាន​សាង​សង់​អស់​រយៈ​ពេល​៨ខែរួចមក ។


លោកឌៀប ចេងហេង អគ្គនាយករង​ក្រុម​ហ៊ុនសុខាអូតែលបានឱ្យដឹងថា ដំណើរ​ការនៃ​ការ​​សាងសង់ច្រាំងទន្លេនេះ បានចែក​ចេញ​ជា៣​​ដំណាក់កាលដែល​រហូតមកដល់​ពេលនេះ​សម្រេច​​បានជាង៥០%ហើយ​និងសង្ឃឹមថា ​នឹងបានរួចជាស្ថាពរតាម​ការ​គ្រោងទុកក្នុងរវាង​១៨ខែ គឺអាចរូចមុនសំណង់​ស្ពានជ្រោយ​​ចង្វា​ថ្មី​ ប្រសិនបើគ្មាន​ឧបសគ្គដោយ​ធម្មជាតិទេ​នោះ ។ សំណង់​ច្រាំងទន្លេ​ជ្រោយចង្វា​​ឬច្រាំង​ទន្លេសាប​ត្រើយ​ខាងកើត​ជាសំណង់ធំមានប្រវែង​៣.០០០​ម៉ែត្រ​ចាប់ពីគល់ស្ពាន​ជ្រោយចង្វា​ដល់សំណង់​សណ្ឋាគារ​សុខាស្ថិត​នៅក្បាល​ជ្រោយចង្វា​​ដែល​បានបើកការដ្ឋាន​សាងសង់​តាំងពីថ្ងៃទី៨ ធ្នូ ឆ្នាំ ​២០១១ រួមទាំង​ការស្ថាបនាផ្លូវ និងសូនច្បារ​​ស្របមាត់ទន្លេសាបដែលគ្រោងចំណាយ​ថវិកា​សាងសង់ចំនួន២១.១៤២.៣៤៨ដុល្លារ​អាមេរិក​ដែលថវិកា​ទាំងនេះ​បានមកពីការ​វិនិយោគ​ទីតាំង​​សណ្ឋាគារសុខាអូតែលជ្រោយចង្វារ ។
លោក ​កែប ជុតិមា មានប្រសាសន៍ថា នេះ​ជា​សំណង់​ប្រវត្តិសាស្ត្រនាសម័យតេជោសែន ដែលសាង​សង់​មានលក្ខណៈបច្ចេកទេស​ត្រឹមត្រូវ ​និង​អនុ​វត្តតាម​អនុសាសន៍របស់សម្តេច​តេជោ​​គឺ​អភិ​វឌ្ឍន៍​ខាងលិចមិន​ភ្លេច​ខាង​កើត​ ។​ លោក​អភិបាល​មានប្រសាសន៍ទៀតថា ពីមុនតំបន់​ជ្រោយចង្វា​ហាក់នៅឆ្ងាយ​ដាច់ស្រយាល​ពីរាជ​ធានី​ភ្នំពេញ ​ប៉ុន្តែពេលនេះ​ជ្រោយ​ចង្វា​បាន​ក្លាយ​ជាចំណុច​អភិវឌ្ឍន៍ប្រកប​ដោយសក្តា​នុពល ​ ជាកន្លែងលំហែកម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​​ក៏ដូច​បន្ថែមសោភ័ណ​ភាពទីក្រុង​ឱ្យ​កាន់តែ​ស្រស់បំព្រង ។ លោកកែប ជុតិមា បន្ថែមថា ពេលនេះជ្រោយ​ចង្វា​បាន​ក្លាយ​ជាកោះ​មាស,​កោះ​ប្រាក់ពិតៗ ។
នេះជាសមិទ្ធផលថ្មីមួយ​ទៀត​សម្រាប់​រាជធានីភ្នំពេញ​ដែលមិនធ្លាប់មានពី​មុនមក ។ លោកបានណែនាំដល់មន្ត្រី​ជំនាញ ​ ក៏ដូច​ជា​ក្រុមហ៊ុន​ទទួល​ការស្ថាបនា​ត្រូវ​ប្រកាន់​យកឱ្យ​បានត្រឹមត្រូវ​តាមលក្ខណៈ​បច្ចេកទេស ​និងប្រកប​ដោយសោភណ្ឌភាព​ស្រប​ពេល​ដែល រាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល​ASEANក្នុងខែវិច្ឆិកាខាងមុខ ព្រម​ទាំង​ព្រះរាជ​ពិធី​បុណ្យ​​អុំទូក បុណ្យ​​ឯករាជ្យជាតិដែល​ជា​ព្រឹត្តិ​ការណ៍​សំខាន់ៗនឹងកើតឡើងក្នុង​ខែវិច្ឆិកានេះ​ ដែរ ។ ​លោកក៏បានណែនាំមិនឱ្យ​មានការ​នេសាទ​​ត្រី ​ឬ​ចាប់សត្វផ្សេងៗ​​នៅមុខ​ព្រះបរម​រាជ​វាំង​ដែល​​រាជរដ្ឋាភិបាល​បាន​កំណត់​ជា​តំបន់​អភ័យភូមិ ៕

No comments:

Post a Comment